ព្រៃសហគមន៍ដៃគូតំបូងគេក្នុងប្រទេសកម្ពុជាត្រូវបានបង្កើត

3661

ការផ្តល់សិទ្ធ និងការទទួលស្គាល់ជាផ្លូវការនូវព្រៃសហគមន៍ដៃគូដោយរាជរដ្ឋាភិបាលកម្ពុជា គឺជា​ជោគជ័យ​ដ៏ធំមួយ​ទៀត​ក្នុងកំណែ​ទម្រង់​វិមជ្ឍការ​នៃការគ្រប់គ្រង​ព្រៃឈើ។ ព្រៃ​សហគមន៍​ដៃគូគឺជា​វិធានវិមជ្ឍការ​ក្នុងការ​គ្រប់គ្រងព្រៃ​ឈើដែល​រាជរដ្ឋាភិបាល​ផ្តល់សិទ្ធដល់​ក្រុមប្រឹក្សាឃុំ​ដើម្បីគ្រប់គ្រង​ធនធានព្រៃឈើ​ឲ្យមាន​និរន្តរភាពក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយមានការសហការណ៍យ៉ាងជិតស្និតជាមួយខណ្ឌរដ្ឋបាលព្រៃឈើ។

លោកប្រធានខណ្ឌរដ្ឋបាលព្រៃឈើប្រគល់សិទ្ធគ្រប់គ្រងព្រៃៃហគមន៍ដៃគូដល់លោកប្រធានឃុំសំរោង

ប្រទេសកម្ពុជាមានព្រៃសហគមន៍ដៃគូចំនួនពីរកន្លែងត្រូវ បានបង្កើតឡើងក្នុងខេត្តពោធិសាត់ និងខេត្ត​បាត់តំបង ដែល​មកទល់​ពេលនេះមានតែព្រៃសហគមន៍ដៃគូនៅឃុំសំរោង ស្រុក​ភ្នំក្រវាញ​ខេត្តពោធិ៍សាត់​មួយទេដែលទទួលបានសេចក្តីប្រកាសជា ផ្លូវការពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លេខ ០៦៨ប្រក កសក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ស្តីពីការបង្កើត និងការគ្រប់គ្រងតំបន់ព្រៃសហគមន៍ដៃគូសំរោង។ ព្រៃសហគមន៍ដៃគូសំរោងមានផ្ទៃដីសរុបចំនួន ៥៤១៤ ហិកតា ដែលរួមផ្សុំដោយសហគមន៍ព្រៃឈើចំនួន ៣ ក្នុងភូមិតាដែស និងភូមិអង្រ្គង និងមានចំនួនគ្រួសារសរុបប្រមាណ ១០០០ គ្រួសារ។

ដោយយោងតាមសេចក្តីប្រកាស នាថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០១៧ ប្រធានក្រុមប្រឹក្សាឃុំសំរោង បានចុះកិច្ច ព្រមព្រៀង ជាមួយខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីទទួល​ភារកិច្ចគ្រប់គ្រង​ព្រៃសហគមន៍​ដៃគូក្រោម​សាក្ខីភាព​លោក​អភិបាលរងខេត្តពោធិ៍សាត់ អភិបាល ស្រុកភ្នំក្រវាញ និងប្រជាសហគមន៍សរុបចំនួន ២០០នាក់។

បន្ទាប់ពីចុះកិច្ចព្រមពៀងជាមួយខណ្ឌរដ្ឋបាលព្រៃឈើ លោកប្រធានក្រុមប្រឹក្សាឃុំសំរោងមានប្រសាសន៍ថា “ក្នុងនាមសហគមន៍ ខ្ញុំប្តេជ្ញាសហការជាមួយភ្នាក់ងារជំនាញដើម្បី ការពារធនធានធម្មជាតិ ក្នុងព្រៃសហគមន៍ដៃគូនេះឳ្យមាននិរន្តភាពដើម្បីរួមចំណែកដល់ការលើកកម្ពស់ជីវភាពសហគមន៍ និងដោះស្រាយការប្រែប្រួលអាកាសធាតុ“។

លោក ញ៉ែម មិ ប្រធានឃុំសំរោងធ្វើការប្តេជ្ញាគ្រប់គ្រងព្រៃសហគមន៍ដៃគូ

ជាជំហានបន្ទាប់ កម្មវិធីរេដបូក ក្រោមជំនួយរបស់ អង្គការ យូអិនឌីភី និងអង្គការភាពជាដៃគូកាបូនព្រៃឈើ នឹង​បន្ត​គាំទ្រដល់ឃុំសំរោងក្នុងការរៀបចំផែនការគ្រប់គ្រប់ព្រៃសហគមន៍ដៃគូដើម្បីកាត់បន្ថយការបាត់បង់ និង​រេច​រិល​ព្រៃឈើ និងគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តភាព។

ប្រជាសហគមន៍ចូលរួមកម្មវិធីចុះកិច្ចព្រមព្រៀងព្រៃសហគមន៍ដៃគូសំរោង

សារៈប្រយោជន៍ព្រៃសហគមន៍ដៃគូ

ព្រៃសហគមន៍ដៃគូ​សំរោងគ្រប់គ្រងដោយក្រុមប្រឹក្សាឃុំ ដោយមានការចាត់តាំងជំទប់ណាម្នាក់ ឬមេឃុំ ជា​ប្រធាន ហើយដែលឃុំជាអាជ្ញាធរថ្នាក់មូលដ្ឋានមានអាណត្តិ និងមានសិទ្ធិអំណាច គ្រប់គ្រង​ប្រជា​ពលរដ្ឋទូទៅក្នុងឃុំ។ ព្រៃសហគមន៍ដៃគូសំរោង សំបូរដោយធនធានផល អនុផលព្រៃឈើ ដែលជាសក្តានុពលមួយសម្រាប់ធ្វើការគ្រប់គ្រងឲ្យមាននិរន្តរភាព និងជួយ​លើកម្ពស់​ជីវភាពប្រជាពលរដ្ឋមូលដ្ឋានផងដែរ។ ឃុំសំរោង ក៏ដូចជាឃុំផ្សេងទៀតដែរ មានមូលនិធិលើផ្នែកគ្រប់គ្រងធនធានធម្មជាតិតាមរយៈផែនការអភិវឌ្ឍឃុំ និងផែនការវិនិយោគប្រចាំឆ្នាំ។ ក្រៅពីនេះ ឃុំនៅមានកិច្ចសហការជាមួយវិស័យឯកជន អង្គការជាតិ និងអន្តរជាតិ និងគម្រោងពាក់ព័ន្ធផ្សេងៗទៀតដើម្បីចូលរួមក្នុងការគ្រប់គ្រងធនធានធម្មជាតិឲ្យមាននិរន្តរភាព។ ម៉្យាងទៀត ឃុំក៏មានផែនការប្រើប្រាស់ដី ដែលជួយធានាដល់ការគ្រប់គ្រង និងការប្រើប្រាស់ដីធ្លីក្នុងឃុំឲ្យមានប្រសិទ្ធភាព និងជួយទាក់ទាញវិនិយោគពីវិស័យឯកជនដើម្បីបង្កើនជីវភាពរស់នៅរបស់សហគមន៍ និងជួយបង្កើនតំលៃ ទីផ្សារផលិតផលតាមរយៈភូមិមួយផលិតផលមួយ។ ទោះជាយ៉ាងណាក៏ដោយ ការបង្កើតព្រៃសហគមន៍ដៃគូ នៅមានភាពថ្មីស្រឡាងនៅឡើយ បើប្រៀបធៀបជាមួយការបង្កើតសហគមន៍ព្រៃឈើ ដូចនេះតំរូវឲ្យមានការសិក្សា និងពិនិត្យតាមដានបន្ថែមទៀត ពីប្រសិទ្ធភាពក្នុងការគ្រប់គ្រងធនធានធម្មជាតិ។