Home ស្ថាប័ន ក្រុមប្រឹក្សាយោបល់

ក្រុមប្រឹក្សាយោបល់

ការផ្សព្វផ្សាយរេដបូកដល់សហគមន៍មូលដ្ឋាន

យន្តការរេដបូកមានឥទ្ធិពលដោយផ្ទាល់លើជនជាតិដើមភាគតិច សហគមន៍នេសាទ សហគមន៍តំបន់ការពារធម្មជាតិ សហគមន៍ ព្រៃឈើ និងសហគមន៍មូលដ្ឋាននានាដែលមានជីវភាពពឹងអាស្រ័យលើធនធានព្រៃឈើ។ ជាទូទៅប្រជាសហគមន៍ទាំងនេះ ទទួលបានព័ត៌មានតិចតួចណាស់ពីការវិវឌ្ឍន៍របស់កម្មវិធីរេដបូក ដោយសារពួកគាត់មានកម្រិតក្នុងការប្រើប្រាស់ប្រព័ន្ធព័ត៌មានដូចជាអ៊ីម៉ែល ឬបណ្តាញព័ត៌មានសង្គមផ្សេងៗជាដើម។ល។ ហេតុនេះហើយលេខាធិការដ្ឋានរេដបូករួមជាមួយក្រុមប្រឹក្សាយោបល់រេដបូក បានដាក់ចេញនូវផែនការលើកកម្ពស់ចំណេះដឹងដល់សហគមន៍មូលដ្ឋាន ចំនួន១២ កន្លែងក្នុងឆ្នាំ ២០១៧ ដោយមានអង្គការរីខូហ្វជាអ្នកសម្របសម្រួលក្នុងការអនុវត្តកម្មផែនការនេះ។

សមាជិកសហគមន៍នេសាទកំពង់ភ្ឡកចូលរួមពន្យល់ទស្សនៈទានរេដបូក

កន្លងទៅនេះ ក្រុមការងារបានចុះផ្សព្វផ្សាយដល់សហគមន៍មូលដ្ឋានចំនួន ៩ លើករួចមកហើយ ដោយមានអ្នកចូលរួមសរុបចំនួន ២១៨នាក់ (ស្ត្រី១០២នាក់) ដោយកាលពីខែឧសភា ក្រុមការងារបានចុះផ្សព្វផ្សាយដល់សហគន៍ព្រៃឈើចំនួនបីកន្លែងក្នុងខេត្តកំពង់ធំ ហើយថ្មីៗនេះ ចាប់ពីថ្ងៃទី ២២-២៦ មិថុនា ឆ្នាំ២០១៧ ក្រុមការងារបានចុះផ្សព្វផ្សាយសហគមន៍មូលដ្ឋាន ចំនួន ៦ កន្លែងបន្ថែមទៀតក្នុងតំបន់ដាច់ស្រយាលដែលរួមមានជនជាតិដើមភាគតិច សហគមន៍នេសាទ និងសហគមន៍តំបន់ការពារធម្មជាតិ ក្នុងខេត្តក្រចេះ ព្រះវិហារ និងខេត្តសៀមរាប។

ការបង្ហញពីទំនាក់ទំនងរវាងមនុស្ស និងព្រៃឈើ

លោកស្រី ហ៊ូ កល្យាណ ប្រធានអង្គការរីខូហ្វ និងជាអនុប្រធានក្រុមប្រឹក្សាយោបល់រេដបូកដែលចូលរួមដឹកនាំផ្ទាល់ក្នុងការផ្សាយកម្មវិធីរេដបូក មានប្រសាសន៍ថា “ឆ្លងកាត់ការចុះលើកកម្ពស់ចំណេះដឹងចំនួន៩ លើករួចមកហើយនេះខ្ញុំសង្កេតឃើញថាប្រជាសហគមន៍មានចំណាប់អារម្មណ៍ខ្ពស់លើកម្មវិធីរេដបូកហើយពួកគាត់សម្តែងចំណាប់អារម្មណ៍ចង់ទទួលបានព័ត៌មានឲ្យកាត់តែលម្អិតបន្ថែមពីវិធានការរេដបូកក្នុងការជួយកាត់បន្ថយការបាត់បង់ និងរេចរិលព្រៃឈើ”។

អ្នកមីង ឡាឈៀ ជនជាតិកួយ ក្នុងភូមិពន្ធជា ស្រុកអូគ្រៀង ខេត្្តក្រចេះដែលបានចូលរួមក្នុងវគ្គផ្សព្វផ្សាយនេះ មានប្រសាសន៍ថា “ខ្ញុំយល់ឃើញថា កម្មវិធីរេដបូកនេះ ជាក្តីសង្ឃឹម ថ្មីមួួយបន្ថែមទៀតក្នុងការពារព្រៃឈើ ដូចនេះខ្ញុំសំណូមពរឳ្យកម្មវិធីរេដបូកជួយលើកកម្ពស់ចំណេះដឹង និងសមត្ថភាពបន្ថែមដល់សហគមន៍របស់ខ្ញុំជាពិសេសលើការការពារព្រៃឈើ ល្បាតព្រៃ ការរាយការណ៍ និងការលើកកម្ពស់ជីវភាពជាដើម។ល។ ”
ក្រុមការងារនឹងបន្តចុះលើកកម្ពស់ចំណេះដឹងដល់សហគមន៍ បីបន្ថែមទៀតដល់សហគមន៍ជនជាតិដើមភាគតិច សហគមន៍ នេសាទ និងសហគមន៍តំបន់ការពារធម្មជាតិក្នុងខែកក្កដា។

ប្រជាសហគមន៍កំពុងពិភាក្សាពីអត្ថប្រយោជន៍ របស់ព្រៃឈើ និងបុព្វហេតុ នៃការបាត់បង់ព្រៃឈើ

Field Study to REDD+ Demonstration Project in Kulen, Siem Reap

ក្រុមប្រឺក្សាយោបល់រេដបូកកំពុងស្វែងយល់បទពិសោធន៍របស់ សហគមន៍ពពេលក្នុងការគ្រប៉គ្រងតំបន់ការពារធម្មជាតិ

កាលពីថ្ងៃទី ២៨ខែមីនា ឆ្នាំ២០១៧ ក្រុមប្រឹក្សាយោបល់រេដបូកក៏បានចុះសិក្សាស្វែងយល់បន្ថែមពីការអនុវុត្តសាកល្បងគម្រោងរេដបូកនៅក្នុងតំបន់ការពារធម្មជាតិភ្មំគូលេន ដោយបានចុះជួបសំណេះសំណាលជាមួយសហគមន៍ពពេល ដើម្បីស្វែងយល់ពីសកម្មភាពជាក់ស្តែងរបស់សហគមន៍ក្នុងការកាត់បន្ថយការបាត់បង់និងរេចរឹលព្រៃឈើ។

តាមរយៈការចុះទស្សនកិច្ចសិក្សានេះ សមាជិកក្រុមប្រឹក្សាយោបល់បានសង្កេតឃើញថាប្រជាសហគមន៍មានការសហការខ្ពស់ជាមួយមន្ត្រីអភិរក្សតំបន់ការពារធម្មជាតិ ក្នុងការគ្រប់គ្រងការពារព្រៃឈើ ហើយអង្កេតឃើញថាសកម្មភាពបទល្លើសមានការថយចុះគួរឲ្យកត់សម្គាល់ក្នុងសហគមន៍នេះ។ នៅពេលដែលសាកសួរពីទស្សនៈរបស់ប្រជាសហគមន៍ចំពោះព្រៃឈើ ប្រជាសហគមន៍បានលើកឡើងថាពួគគាត់តែងតែចូលរួមការពារព្រៃឈើ ព្រោះបើព្រៃឈើបាត់បង់ ប្រភពទឹកស្អាតដែលជាដង្ហើមរបស់សហគមន៍ ក៏នឹងទទួលរងការប៉ះពាល់ ឬក៏អាចបាត់បង់ផងដែរ ដូចនេះពួកគាត់នឹងនៅបន្តចូលរួមការពារ និងអភិរក្សព្រៃឈើ។

បទពិសោធន៍ដែលទទួលបានពីការចុះទស្សនកិច្ចសិក្សានេះ ត្រូវបានរំពឹងថាអាចជួយបង្កើនចំណេះដឹងរបស់សមាជិកក្រុមប្រឹក្សាយោបល់រេដបូកបន្ថែមមួយកម្រិតទៀត ហើយលេខាធិការដ្ឋានរេដបូក បានគ្រោងរៀបចំឲ្យក្រុមប្រឹក្សាយោបល់ចុះស្វែងយល់បន្ថែមពីការអនុវត្តគម្រោងសាកល្បងរេដបូកនៅតំបន់ផ្សេងទៀតដើម្បីសិក្សាប្រៀបធៀប និងប្រមូលបាននូវព័ត៌មានបន្ថែមសម្រាប់ចែករំលែកដល់សហគមន៍មូលដ្ឋានរបស់គាត់។ ទស្សនៈកិច្ចសិក្សាលើកក្រោយនឹងគ្រោងចុះជួបសហគមន៍ព្រៃឈើក្នុងឃុំសម្រោង ខេត្តពោធិសាតិ៍ ក្នុងចុងខែឧសភា ខាងមុខនេះ។


ក្រុមប្រឹក្សាយោបល់រេដបូកកម្ពុជាបង្កើនការផ្សាភ្ជាប់ទៅនឹងសហគមន៍
ក្រុមប្រឹក្សាយោបល់រេដបូកកម្ពុជាដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់កម្មវិធីរេដបូកទៅនឹងសហគមន៍មូលដ្ឋានអង្គការក្រៅ រដ្ឋាភិបាល សង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ដោយបានជួយពំានាំយកព័ត៌មានពីមូលដ្ឋានមកចែករំលែកនៅថ្នាក់ជាតិ និងបញ្ជូន ព័ត៌មានត្រលប់ទៅមូលដ្ឋាន ឬអ្នកពាក់ព័ន្ធវិញ។ ក្រុមប្រឹក្សាយោបល់រេដបូកតែងតែជួបប្រជុំសមាជិកក្រុមចំនួន ៤ដងក្នុងមួយឆ្នាំដើម្បី ចែករំលែកព័ត៌មានស្តីពីរេដបូក ដែលគិតមកដល់ពេលនេះចំនួន ១៧ ដងរួចមកហើយ។
ក្នុងកិច្ចប្រជុំលើកទី១៧ របស់ក្រុមប្រឹក្សាយោបល់រេដបូក ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០១៧ សមាជិកក្រុម បានពិភាក្សាលម្អិតលើផែនការលើកកម្ពស់ចំណេះដឹង និងចែករំលែកព័ត៌មានអំពីកម្មវិធីរេដបូកដែលខ្លួនទទួលបានពីនៅថ្នាក់ជាតិទៅចែក រំលែកដល់សហគមន៍មូលដ្ឋាន។ ក្រុមប្រឹក្សាយោបល់សម្រេចចុះចែករំលែកព័ត៌មានស្តីពីរេដបូកដល់សហគមន៍មូលដ្ឋាន ចំនួន ១២ កន្លែង ដែលក្នុងនេះមានសហគមន៍តំបន់ការពារធម្មជាតិចំនួន ៣ កន្លែង សហគមន៍ព្រៃឈើ ៣កន្លែង សហគមន៍នេសាទ ៣កន្លែង និង សហគមន៍ជនជាតិដើមភាគតិចចំនួន៣កន្លែង។ ឆ្លៀតក្នុងឳកាសនៃការចុះលើក កម្ពស់ចំណេះដឹងនេះ ក្រុមប្រឹក្សាយោបល់រេដបូកនឹងបង្ហាញយន្តការលំហូរព័ត៌មានដែលក្រុមប្រឹក្សាយោបល់រេដបូកអាចផ្តល់ព័ត៌មាន និងប្រមូលយោបល់ត្រលប់ពីសហគមន៍មូលដ្ឋានពាក់ព័ន្ធនឹងបទពិសោធន៍នៃការ គ្រប់គ្រងព្រៃឈើ។
ផែនការនេះនឹងចាប់ផ្តើមអនុវត្តចាប់ពីចុង ខែឧសភា ដល់ ខែកក្កដា ឆ្នាំ២០១៧។