ថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៧
កម្មវិធីរេដបូក(REDD+)គឺជាយន្តការមួយនៅក្រោមអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ដែលផ្តល់ហិរញ្ញប្បទានលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយការបាត់បង់ និងរេចរឹលព្រៃឈើ ការអភិរក្ស ការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តភាព និងការបង្កើនសន្និធិកាបូនក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកកម្មវិធីរេដបូកជាមធ្យោបាយ ដ៏មានប្រសិទ្ធភាពមួយក្នុងការកាត់បន្ថយការបាត់បង់ និងរេចរឹលព្រៃឈើនៅកម្ពុជា ហើយបានផ្តួចផ្តើមរៀបចំផែនទីបង្ហាញផ្លូវរេដបូកជាតិក្នុងឆ្នាំ២០១០។ មានដៃគូអភិវឌ្ឍន៍មួយចំនួន ដែលក្នុងនោះក៏មាន JICA មួយផងដែរ ដែលបានសន្យា គំាទ្រដល់ការ អនុវត្តផែនទីបង្ហាញផ្លូវរេដបូកជាតិ។ ជាចុងបញ្ចប់នៃគម្រោង នាថ្ងៃទី១៧ខែតុលាឆ្នាំ ២០១៧ មានការរៀបចំសិក្ខាសាលាបូកសរុបលទ្ធផល នៃគម្រោងជំនួយបច្ចេកទេសរបស់JICA កន្លងមក និងពិភាក្សា អំពីសកម្មភាពបន្តរបស់ JICAក្នុងការគាំទ្រដល់ដំណើរការកម្មវិធីរេដបូកនៅកម្ពុជា។ សិក្ខាសាលានេះបានទទួលការចូលរួមជា អធិបតីដោយ ឯកឧត្តម យឹម គឹមស៊ាន រដ្ឋលេខាធិការ ជាតំណាងឯកឧត្តម សាយ សំអាល់រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកឧត្តម Hidehisa HORINOUCHI ឯកអគ្គរាជទូតនៃប្រទេសជប៉ុនប្រចំានៅព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីមន្រ្តីមកពីបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ និងគម្រោងជាច្រើនរូបទៀត។
កិច្ចគំាទ្ររបស់ JICA ដល់កម្មវិធីរេដបូកកម្ពុជា គឺតាមរយៈគម្រោង CAM-REDD ដែលបានចាប់ផ្តើមដំណើរការចាប់តាំងពីខែមិថុនា ឆ្នាំ២០១១។ ក្នុងរយៈពេល ៦ ឆ្នាំកន្លងទៅនេះ គម្រោងCAM-REDD, JICA បានគាំទ្រដំណើរការកម្មវិធីរេដបូកដែលមានសកម្មភាពជាចំបងៗដូចជា៖ ការកសាងសមត្ថភាពបច្ចេកទេសដល់មន្ត្រី និងការផ្តល់ឧបករណ៍សម្រាប់បម្រើការងារវាស់វែង រាយការណ៍ និងផ្ទៀងផ្ទាត់ព្រៃឈើ (MRV) ការចូលរួមចំណែករៀបចំយុទ្ធសាស្រ្តរេដបូកជាតិ និងការអនុវត្តគម្រោងសាកល្បងរេដបូក។ ក្នុងកិច្ចការងារទំាងនោះដែរ មានឧបសគ្គចំបងមួយក្នុងចំណោមឧបសគ្គនានាដែលបានជួបប្រទះគឺការកសាងប្រវត្តិនិន្នាការនៃការបាត់បង់ព្រៃឈើសម្រាប់គណនា កម្រិតបំភាយយោងព្រៃឈើ ដែលយកទៅប្រើប្រាស់ដើម្បី វាយតម្លៃលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ កម្ពុជាក្នុងការកាត់បន្ថយការបាត់បង់ព្រៃឈើនាពេលអនាគតខាងមុខ។ ជាមួយការណែនំាឲ្យប្រើប្រាស់វិធីសាស្រ្តថ្មីមួយ អំពីការប្រើប្រាស់ទិន្នន័យរូបភាពពីផ្កាយរណប និងបច្ចេកវិទ្យាព័ត៌មានភូមិសាស្រ្តដ៏ទៃទៀត ក្រុមបច្ចេកទេសJICA បានខិតខំធ្វើការជាមួយក្រុមការងារបច្ចេកទេស កម្ពុជាយ៉ាងយកចិត្តទុកដាក់ ដើម្បីកែលម្អ ផែនទីគម្របព្រៃឈើ ឆ្នាំ ២០០៦ និង២០១០ និងផលិតផែនទីគម្របព្រៃឈើថ្មីសម្រាប់ឆ្នាំ២០០១៤ និង២០១៦ ហើយជាមួយគ្នានេះក៏បានរៀបចំឯកសារធ្វើសារពើភ័ណ្ឌព្រៃឈើជាតិ និងប្រព័ន្ធត្រួតពិនិត្យតាមដាន ព្រៃឈើជាតិផងដែរ។
ឯកឧត្តម យឹម គឹមស៊ាន រដ្ឋលេខាធិការក្រសួងបរិស្ថាន បានសំដែងនូវ អំណរគុណដ៏ជ្រាលជ្រៅចំពោះគម្រោងជំនួយបច្ចេកទេសរបស់រាជរដ្ឋាភិបាលជប៉ុន និងចំពោះកិច្ចសហប្រតិបត្តិការកសាងសមត្ថភាពសម្រាប់កម្មវិធីរេដបូក។ JICA និងស្ថានទូតជប៉ុន ផ្ទាល់ក៏មានមោទនភាពចំពោះជោគជ័យផ្នែកបច្ចេកទេសដែលបានរួមចំណែកដោយប្រទេសជប៉ុន ហើយក៏បានអបអរសាទរដល់រដ្ឋាភិបាលកម្ពុជាដែលបានឈានដល់ការបង្ហាញផែនទីគម្របដី/ការប្រើប្រាស់ដីឆ្នាំ២០១៦ របស់ខ្លួននាថ្ងៃនេះ។ តាមរយៈបច្ចេកវិទ្យាចុងក្រោយក្នុងការបង្កើតផែនទី រដ្ឋាភិបាលកម្ពុជាបានកាត់បន្ថយការចំណាយពេលវេលាស្ទើរតែពាក់កណ្តាលសម្រាប់ការបង្កើតផែនទី។ នៅខណៈពេលដែលក្រុមការងារបច្ចេកទេសJICA នឹងត្រូវបានបញ្ចប់ដោយជោគជ័យលើការគាំទ្រការបង្កើតក្របខ័ណ្ឌរេដបូក ប្រទេសជប៉ុននៅតែបន្តជួយរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀតសម្រាប់ការអនុវត្តសកម្មភាពរេដបូកនៅទីវាល និងការពារប្រព័ន្ធអេកូឡូស៊ីព្រៃឈើដែលជាសម្បត្តិដ៏មានតម្លៃរបស់កម្ពុជា។
នៅក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋលេខាធិការ និងឯកឧត្តមឯកអគ្គរាជទូតជប៉ុន រួមជាមួយសិក្ខាកាមដទៃទៀតបានប្តេជ្ញាបន្ថែមទៀតក្នុងការអនុវត្តរេដបូកសំដៅគ្រប់គ្រង និងការអភិរក្ស ធនធានព្រៃឈើប្រកបដោយនិរន្តរភាព។ រដ្ឋាភិបាលជប៉ុននឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តសកម្មភាពការងារជាក់ស្តែងដើម្បីដោះស្រាយបញ្ហាការបាត់បង់ព្រៃឈើនៅកម្ពុជា។