ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ មានរៀបចំសិក្ខាសាលាស្តីពីវឌ្ឍនភាពនៃការអនុវត្តបច្ចេកទេសសម្រាប់កសាងកម្រិតយោងព្រៃឈើ(FRL) និងប្រព័ន្ធត្រួតពិនិត្យតាមដានព្រៃឈើជាតិ (NFMS) ក្រោមអធិបតីភាព ឯកឧត្តម យិន គឹមស៊ាន រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានអ្នកចូលរួមសរុបចំនួន ៦០ នាក់ដែលជាតំណាងមកពីស្ថាប័នរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងក្រុមការងារបច្ចេកទេសវាស់វែង រាយការណ៍ និងផ្ទៀងផ្ទាត់។ សិក្ខាសាលានេះរៀបចំដោយអង្គនាយកដ្ឋានរដ្ឋបាលការពារនិងអភិរក្សធម្មជាតិ ក្រសួងបរិស្ថាន ដោយមានការគំាទ្រពី អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន។
ថ្លៃងក្នុងសន្ទរកថាបើកអង្គសិក្ខាសាលា ឯកឧត្តម យិន គឹមស៊ាន មានប្រសាសន៍ថា “វិស័យព្រៃឈើគឺជាវិស័យដ៏មានសក្តានុពលមួយក្នុងការជួយទ្រទ្រង់ដល់សេដ្ឋកិច្ចមូលដ្ឋាន និងសង្គម និងមានតួនាទីសំខាន់ក្នុងការស្រូបយកកាបូនដើម្បីទប់សា្កត់ការប្រែប្រួលអាកាសធាតុដូចនេះរាជរដ្ឋាភិបាលកម្ពុជាគំាទ្រ និងទទួលស្គាល់អំពីតួនាទីដ៏សំខាន់របស់កម្មវិធីជាសកលក្នុងការកាត់បន្ថយការបាត់បង់ និងរេចរិលព្រៃឈើ ដែលហៅកាត់ថា “រេដបូក”។ ”
ប្រទេសកម្ពុជាមានវឌ្ឍនភាពយ៉ាងខ្លំាងក្នុងការរៀបចំកម្មវិធីរេដបូក កសាងស្ថាប័ន និងការរៀបចំឯកសារសំខាន់ៗដើម្បីឆ្លើយតបទៅនឹងលក្ខខ័ណ្ឌជាសកលរបស់ក្របខណ្ឌវាសូវីនៃអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ។ ឯកឧត្តម ជា សំ អាង អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលការពារនិងអភិរក្សធម្មជាតិ និងជាប្រធានកម្មវិធីរេដបូកបានជម្រាបអង្គសិក្ខាសាលាថា “វាជាមោទនភាពមួយដែលប្រទេសកម្ពុជាបានបញ្ចប់ការកសាងឯកសារបឋមកម្រិតយោងព្រៃឈើជាតិ ហើយបានដាក់ជូនលេខាធិការដ្ឋានអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) រួចរាល់ហើយកាលពីខែធ្នូឆ្នាំ ២០១៦ សម្រាប់ការពិនិត្យថ្នាក់បច្ចេកទេស។ ហើយពេលនេះក្រុមការងារបច្ចេកទេសនៃប្រទេសកម្ពុជាយើងរៀចំបញ្ចប់ ប្រព័ន្ធត្រួតពិនិត្យតាមដានព្រៃឈើជាតិ“