ក្រុមការងាររេដបូកកម្ពុជាមានមោទនៈភាពយ៉ាងខ្លាំងចំពោះកម្មវិធីរេដបូកកម្ពុជា ដែលសម្រេចបាននូវលទ្ធផល សំខាន់ៗ ដើម្បីឱ្យប្រទេសកម្ពុជាឈានទៅដំណាក់កាលអនុវត្តរេដបូកពេញលេញ និងអាចទទួលបានការទូទាត់ផ្អែកលើលទ្ធផលពីការកាត់បន្ថយការបាត់បង់ និងរេចរិលព្រៃឈើ។ ដើម្បីពិនិត្យលើលទ្ធផល និងផ្តល់អនុសាសន៍លើសកម្មភាពបន្ត ក្រុមការងាររេដបូកកម្ពុជា បានជួបប្រជុំជាមួយមន្រ្តីលេខាធិការដ្ឋានរេដបូក ក្រុមបច្ចេកទេស ក្រុមយេនឌ័រ និងក្រុមប្រឹក្សាយោបល់រេដបូក។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាថ្ងៃទី២០-២១ ខែកក្កដា ឆ្នាំ២០១៧ នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជា សំអាង អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្ស ធម្មជាតិនៃក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររេដបូកកម្ពុជា ដោយមានអ្នកចូលរួមសរុបចំនួន ៥៥នាក់ (ស្រ្តី១៥នាក់) ។
ក្នុងឱកាសនៃកិច្ចប្រជុំនេះ ក្រុមការងាររេដបូកកម្ពុជា បានទទួលនូវសេចក្តីរាយការណ៍ស្តីពីកិច្ចប្រជុំបច្ចេកទេស របស់អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ(UNFCCC) និងលក្ខខ័ណ្ឌចាំបាច់នៃការស្នើសុំ ការទូទាត់ផ្អែកលើលទ្ធផលរេដបូក ពីមូលនិធិអាកាសធាតុបៃតង ដែលមានទឹកប្រាក់សរុបចំនួន ៥០០លាន ដុល្លាអាមេរិក ដែលនឹងដាក់ឱ្យដំណើរការសាកល្បងនៅដើមឆ្នាំ២០១៨។ នាពេលបច្ចុប្បន្ននេះ សមិទ្ធផលសំខាន់ៗដែលកម្មវិធីរេដបូកកម្ពុជាសម្រេចបានរួមមាន ការកសាងបញ្ចប់យុទ្ធសាស្រ្តរេដបូកជាតិ កម្រិតយោងព្រៃឈើជាតិ ប្រព័ន្ធត្រួតពិនិត្យតាមដានព្រៃឈើជាតិ សេចក្តីព្រាងប្រព័ន្ធព័ត៌មានធានាសុវត្ថិភាពរេដបូក ផែនការយុទ្ធសាស្រ្តជាតិសម្រាប់គ្រប់គ្រងតំបន់ការពារធម្មជាតិ និងមេរៀនបទពិសោធន៍សំខាន់ៗដែលបានពីការអនុវត្តសាកល្បងសកម្មភាពរេដបូកនៅមូលដ្ឋានដើម្បីពង្រឹងសមត្ថភាពក្រុមប្រឹក្សាឃុំ អាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍ក្នុងការរៀបចំផែនការ និងអនុវត្តសាកល្បងវិធានការកាត់បន្ថយបុព្វហេតុនៃការបាត់បង់ព្រៃឈើ។ កិច្ចប្រជុំនេះក៏បានផ្តល់ឱកាសឲ្យអ្នកចូលរួមទាំងអស់ បានចុះទស្សនកិច្ចសិក្សាគម្រោងជ្រលងដំរី នៅក្នុងខេត្តមណ្ឌលគីរី ដើម្បីស្វែងយល់ពីកម្មវិធីដែលមានសក្តានុពលខ្ពស់ក្នុងការការពារព្រៃឈើ តាមរយៈការរៀបចំអេកូទេសចរណ៍ធម្មជាតិមើលសត្វដំរី ដើម្បីទទួលបានចំណូលពីភ្ញៀវទេសចរណ៍សម្រាប់លើកកម្ពស់ជីវភាពសហគមន៍ជនជាតិដើមភាគតិច កាត់បន្ថយសម្ពាធការប្រើប្រាស់ធនធានព្រៃឈើ អភិរក្សធនធានធម្មជាតិ និងព្រមទាំងអភិរក្សសត្វដំរីដែលមានចំនួនតិចតួចក្នុងប្រទេសកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ជា សំអាង បានកោតសរសើរចំពោះលេខាធិការដ្ឋានរេដបូក ក្រុមការងារបច្ចេកទេសរេដបូក ស្ថាប័នអនុវត្តសាកល្បងកម្មវិធីរេដបូក និងអ្នកពាក់ព័ន្ធទាំងដែលបានខិតខំប្រឹងប្រែងដឹកនាំ កម្មវិធីរេដបូកសម្រេចបាននូវផ្លែផ្កាជាច្រើន និងផ្តល់អនុសាសន៍បន្ថែមសម្រាប់សកម្មភាពបន្តរបស់កម្មវិធីរេដបូក។ ឯកឧត្តមបានថ្លែងថា “យើងគួរមានមោទនៈភាពចំពោះកិច្ចការងារដែលសម្រេចបានកន្លងទៅនេះ ហើយត្រូវខិតខំបន្ថែមទៀតដើម្បីបញ្ចប់ការងារដែលនៅសេសសល់ដូចជាឯកសារប្រព័ន្ធធានាសុវត្ថិភាពរេដបូក សម្រាប់ការស្នើសុំការទូទាត់ផ្អែកលើលទ្ធផលរេដបូក ឱ្យបានទាន់ពេលវេលា បន្ទាប់ពីមូលនិធិអាកាសធាតុបៃតងប្រកាសទទួលសំណើ”។
ចុងបញ្ចប់កិច្ចប្រជុំបានឯកភាពថាត្រូវខិតខំបញ្ចប់ឯកសារសំខាន់ៗដែលមិនទាប់បានបញ្ចប់រួមមាន ឯកសារប្រព័ន្ធធានាសុវត្ថិភាពរេដបូក និងសារពើភ័ណ្ឌការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីវិស័យព្រៃឈើក្នុងឆ្នាំ ២០១៤-២០១៦ ឲ្យបានមុនដំណាច់ឆ្នាំ ២០១៨ ហើយក៏បានឯកភាពថាត្រូវចាប់ផ្តើមរៀបចំទស្សនៈទានខ្លីដើម្បីស្នើសុំការទូទាត់ផ្អែលលើលទ្ធផលពីមូលនិធិអាកាសធាតុបៃតងពេលឲ្យបានទាន់ពេលវេលាដែលនិធិប្រកាសទទួលជំនួយ។
គម្រោងភាពជាដៃគូកាបូនព្រៃឈើ FCPF វគ្គទី២ ក្រោមការគាំទ្រហិរញ្ញប្បទានរបស់ធានាគារពិភពលោក និងUNDP នឹងបន្តគំាទ្រដល់ការបញ្ចប់ឯកសារសំខាន់ៗនានានិងការពង្រឹងសមត្ថភាពស្ថាប័នដើម្បីបញ្ចប់ដំណាក់ត្រៀមលក្ខណៈរេដបូក ហើយនិងជួយដល់ការរៀបចំទស្សនៈទានខ្លីដើម្បីស្នើទៅមូលនិធិអាកាសធាតុបៃតង។