កាលពីថ្ងៃទី ២៨ខែមីនា ឆ្នាំ២០១៧ ក្រុមប្រឹក្សាយោបល់រេដបូកក៏បានចុះសិក្សាស្វែងយល់បន្ថែមពីការអនុវុត្តសាកល្បងគម្រោងរេដបូកនៅក្នុងតំបន់ការពារធម្មជាតិភ្មំគូលេន ដោយបានចុះជួបសំណេះសំណាលជាមួយសហគមន៍ពពេល ដើម្បីស្វែងយល់ពីសកម្មភាពជាក់ស្តែងរបស់សហគមន៍ក្នុងការកាត់បន្ថយការបាត់បង់និងរេចរឹលព្រៃឈើ។
តាមរយៈការចុះទស្សនកិច្ចសិក្សានេះ សមាជិកក្រុមប្រឹក្សាយោបល់បានសង្កេតឃើញថាប្រជាសហគមន៍មានការសហការខ្ពស់ជាមួយមន្ត្រីអភិរក្សតំបន់ការពារធម្មជាតិ ក្នុងការគ្រប់គ្រងការពារព្រៃឈើ ហើយអង្កេតឃើញថាសកម្មភាពបទល្លើសមានការថយចុះគួរឲ្យកត់សម្គាល់ក្នុងសហគមន៍នេះ។ នៅពេលដែលសាកសួរពីទស្សនៈរបស់ប្រជាសហគមន៍ចំពោះព្រៃឈើ ប្រជាសហគមន៍បានលើកឡើងថាពួគគាត់តែងតែចូលរួមការពារព្រៃឈើ ព្រោះបើព្រៃឈើបាត់បង់ ប្រភពទឹកស្អាតដែលជាដង្ហើមរបស់សហគមន៍ ក៏នឹងទទួលរងការប៉ះពាល់ ឬក៏អាចបាត់បង់ផងដែរ ដូចនេះពួកគាត់នឹងនៅបន្តចូលរួមការពារ និងអភិរក្សព្រៃឈើ។
បទពិសោធន៍ដែលទទួលបានពីការចុះទស្សនកិច្ចសិក្សានេះ ត្រូវបានរំពឹងថាអាចជួយបង្កើនចំណេះដឹងរបស់សមាជិកក្រុមប្រឹក្សាយោបល់រេដបូកបន្ថែមមួយកម្រិតទៀត ហើយលេខាធិការដ្ឋានរេដបូក បានគ្រោងរៀបចំឲ្យក្រុមប្រឹក្សាយោបល់ចុះស្វែងយល់បន្ថែមពីការអនុវត្តគម្រោងសាកល្បងរេដបូកនៅតំបន់ផ្សេងទៀតដើម្បីសិក្សាប្រៀបធៀប និងប្រមូលបាននូវព័ត៌មានបន្ថែមសម្រាប់ចែករំលែកដល់សហគមន៍មូលដ្ឋានរបស់គាត់។ ទស្សនៈកិច្ចសិក្សាលើកក្រោយនឹងគ្រោងចុះជួបសហគមន៍ព្រៃឈើក្នុងឃុំសម្រោង ខេត្តពោធិសាតិ៍ ក្នុងចុងខែឧសភា ខាងមុខនេះ។